បុគ្គលិកបម្រើការងារនៅស្ថានីយទូរទស្សន៍មួយ ខណៈកំពុងថតភាពយន្តឯកសារបានក៏ប្រទះឃើញលុយប្រមាណ៥លានផោន (ជាង ៨,៥លានដុល្លារអាមេរិក) នៅទូធ្វើពីឈើមួយដែលត្រូវបានគេលាក់នៅក្នុងផ្ទះល្វែងមួយកន្លែង។
ផ្ទះនោះគឺស្ថិតនៅ Wards Wharf នៅ Silvertown ភាគខាងកើតទីក្រុងឡុងដ៍ ដែលសុទ្ធតែជាផ្ទះតាមបែបទំនើបទើបនឹងសាងសង់ ហើយស្ថិតនៅក្បែរពហុកីឡដ្ឋាននៃទីក្រុងឡុដង៍។
បុគ្គលិកម្នាក់នោះ ត្រូវគេជឿថា កំពុងថតឲ្យកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ដែលនិយាយពីអចលនទ្រព្យដែលតុលាការបានចេញដីកាឲ្យបង់ថ្លៃខូចខាត និងមូលហេតុផ្សេងៗទៀត។ បុគ្គលិកម្នាក់នោះ បានទូរស័ព្ទប្រាប់ប៉ូលិស ហើយមន្ត្រីប៉ូលិសបានប្រមូលលុយទាំងអស់នោះដើម្បីពិនិត្យ និងស្រាវជ្រាវរកប្រភពដើម។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា លុយទាំងនោះមិនបានជាប់ពាក់ព័ន្ធនឹងការបទសង្ស័យណាមួយទាក់ទងនឹងអំពើភេរវកម្មនោះទេ។
អាចនិយាយបានថា នេះជាករណីចម្លែកដែលម្ចាស់ផ្ទះ ឬបុគ្គលណាម្នាក់យកលុយដ៏ច្រើនដ៏សន្ធឹកសន្ធាប់ទៅទុកក្នុងទូចាស់ នៅក្នុងផ្ទះល្វែងចោលបែបនេះ។
ក្រុមសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវពីប្រភពនៃលុយទាំងអស់នេះ បើទោះបីជាមិនជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មយ៉ាងណាក៏ដោយ។
សមត្ថកិច្ចបានបន្ថែមទៀតថា ធ្លាប់មានបុរសវ័យ ២៩ម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យនឹងករណីលាងលុយកខ្វក់ ប៉ុន្តែត្រូវបានដោះលែងក្រៅឃុំកាលពីខែសីហា កន្លងទៅ៕









