ប្រភព Nob70
បើអ្នកជឿលើកម្មផល ច្បាស់ជាគិតថា ក្មេងប្រុសម្នាក់នេះមានកម្មពៀរពីអតីតជាតិ ប៉ុន្តែនៅឥណ្ឌាវិញ គេមិនយល់ដូច្នោះឡើយ។ បើអ្នកណាកើតមក មានដុះកន្ទុយ អ្នកនោះឯងជាមនុស្ស ដែលព្រះអាទិទេពឬព្រះជាម្ចាស់ បញ្ជូនមក។
ដើរមិនរួចបានតែអង្គុយលើកង់រុញ ក្មេងប្រុសវ័យ១៣ឆ្នាំ Arshid Ali Khan មានកន្ទុយប្រវែង ៣០ស.ម ដែលប្រជាជនឥណ្ឌាចាត់ទុកថា ជាហនុមានចាប់ជាតិ ហើយនាំគ្នាគោរពជាព្រះ Balaji។
ក្មេងប្រុសរូបនេះនិយាយថា” កន្ទុយនេះផ្ដល់ដោយព្រះជាម្ចាស់។ ខ្ញុំត្រូវប្រជាជនគោរពបូជា ពីព្រោះខ្ញុំបានឧទ្ទិនទៅព្រះជាម្ចាស់ ហើយការប៉ងប្រាថ្នារបស់ពួកគេ ក្លាយជាការពិត”។
បច្ចុប្បន្ន Arshid រស់នៅជាមួយជីតា Iqbal Qureshi និងឪពុកមា២នាក់ទៀត ក្រោយពីឪពុកស្លាប់ ពេលប្អូនមានអាយុ៤ឆ្នាំ ហើយម្ដាយបានរៀបការប្ដីថ្មី។ ទោះបីជាយ៉ាងណា កុមាររូបនេះនិយាយថា ពេលខ្លះប្អូនមានអារម្មណ៍ល្អ ហើយពេលខ្លះមិនសូវល្អសោះ ចំពោះកន្ទុយនេះ។
លោកតា Iqbal Qureshi បានឱ្យដឹងថា មនុស្សម្នាជាច្រើន បាននាំគ្នាមកសុំពរពី Arshid ហើយខ្លះទៀត មកប៉ះកន្ទុយ ដោយពួកគេជឿថា នឹងបានសេចក្ដីសុខ។
ច្រើនឆ្នាំហើយ Arshid ដែលមិនអាចដើរបាន។ បញ្ហានេះ គេអះអាងអាចបណ្ដាលមកពីកន្ទុយ។ក្រុមគ្រួសារ ធ្លាប់បញ្ជូន Arshid ទៅមន្ទីរពេទ្យដែរ ហើយក្រុមវេជ្ជបណ្ឌិតប្រាប់ថា កន្ទុយរបស់ Arshid ដុះជាប់ឆ្អឹងខ្នង ប៉ុន្តែអាចវះកាត់បាន។
ប៉ុន្តែលោកតា Iqbal មានការព្រួយបារម្ភសុវត្ថិភាព ថាខ្លាចមានគ្រោះថ្នាក់ ហើយនិយាយថា បើសិនព្រះ Balaji អនុញ្ញាតនោះ ពួកគាត់មិនថាអ្វីឡើយ។ “ចៅរបស់ខ្ញុំ មិនអាចដើរបានទេ ដូច្នេះពួកយើងសួរគ្រូពេទ្យថា គួរធ្វើយ៉ាងណា”។
កុមារ Arshid ចង់វះកាត់កន្ទុយចេញ ដោយជឿជាក់ថា មនុស្សនៅតែមកសុំពរពីប្អូន” គ្រូពេទ្យអាចវះកាត់កន្ទុយខ្ញុំចេញ ប៉ុន្តែមនុស្ស នៅតែជឿខ្ញុំ”៕











