ប្រភព ដើមអម្ពិល
ភ្នំពេញ៖ មានការភ្ញាក់ផ្អើល និងប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋកម្ពុជា ដែលនិយមលេងបណ្តាញសង្គមហ្វេស ប៊ុក នៅក្រោយពេលឃើញទំព័រហ្វេសប៊ុក របស់ព័ត៌មានដ៏ល្បីលើពិភពលោក CNN បានសរសេរពណ៌នាថា ប្រា សាទអង្គរវត្តរបស់ខ្មែរ ជារបស់ប្រទេសថៃ។ ការភ័ន្តច្រឡំ ដែលជាកំហុសឆ្គងនាំដល់ការខឹងសម្បាយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៥ និង៣១នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។
ការ ភ័ន្តច្រឡំ បានកើតឡើងគ្រាដែលអ្នកគ្រប់ទំព័រហ្វេសប៊ុក របស់ CNN ដែលមានអ្នកចុច Like រហូតដល់ ៦.១ លាននាក់ បានចែករំលែកនូវអត្ថបទមួយ និយាយពីតំបន់មានទេសភាពត្រកាលនៅលើពិភពលោក ជាមួយការ ចែករំលែកនេះ អ្នកគ្រប់ទំព័រហ្វេសប៊ុក CNN បានសរសេរអក្សពណ៌នាថា « Thailand’s Angkor Wat is only no. 6– so what’s the world’s top landmark?”» ដោយភ្ជាប់ជាមួយរូបភាពប្រសាទអង្គររបស់ខ្មែរមួយសន្លឹក។ ក្រោយពេលបង្ហោះបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅលើទំព័រហ្វេសប៊ុក សម្តែងការប្រតិកម្មយ៉ាងខ្លាំង។
លុះប្រ មាណជា ៣០នាទីក្រោយមក ទើបអ្នកគ្រប់គ្រងបានចូលទៅកែឡើងវិញ ដោយប្តូរពីពាក្យ « Thailand’s Angkor Wat is only no. 6– so what’s the world’s top landmark?» មកពាក្យ «Cambodia’s Angkor Wat is only no. 6– so what’s the world’s top landmark?» វិញ។ កំហុសឆ្គង ដែលសន្និដ្ឋានថា បណ្តាលមកពីការយល់ច្រឡំរបស់អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក CNN របស់អាម៉េរិក ធ្វើឲ្យពលរដ្ឋលើបណ្តាញសង្គមហ្វេសប្រតិកម្មយ៉ាងខ្លាំង ហើយពួកគេក៏បានសំណូមពរឲ្យអ្នកគ្រប់ទំព័រហ្វេសប៊ុក មួយនេះ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់មុននឹងបង្ហោះអ្វីមួយ ព្រោះនេះជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរអធិបតេយ្យ ជាតិខ្មែរ ខណៈដែលប្រាសាទអង្គរវត្តសម្បតិបេតិកភណ្ឌពិភពលោក ត្រូវបានមនុស្សទូទាំងពិភពលោក ដឹងយ៉ាង ច្បាស់ថា ជារបស់ខ្មែរនោះ មិនគួរណាអ្នកគ្រប់ទំព័រហ្វេសប៊ុកព័ត៌មានដ៏ល្បីមួយនេះ បែរជាមិនដឹងថា ប្រាសាទ អង្គរវត្ត ជាកម្មសិទ្ធិរបស់កម្ពុជាទៅវិញ៕









