ប្រភព BNews
ក្មេងតូចជនជាតិកាណាដាពីរនាក់អាយុ ១៤ឆ្នាំ បានរួមគំនិតគ្នាបំបែកប្រព័ន្ធសុវត្ថិភាពធនាគារកាណាដា Bank of Montreal ដោយ hack ចូលម៉ាស៊ីន ATM នៅពេលចេញពីរៀនបានដោយជោគជ័យ។ Hacker ទាំងពីរនាក់បានបង្កឱ្យម៉ាស៊ីន ATM បោះសារថា “Go away. This ATM has been hacked”។
ទាំងពីរនាក់នេះមានឈ្មោះ Caleb Turon និង Matthew Hewlett បានបបួលគ្នាសាកល្បង hack ម៉ាស៊ីន ATM របស់ Bank of Montreal ស្ថិតលើបណ្ដោយផ្លូវ Grant Avenue រដ្ឋកាលីហ្វរញ៉ា នៅម៉ោងអាហារថ្ងៃត្រង់។ Turon និង Hewlett ដំបូងគឺប៉ុនប៉ងភ្ជាប់ចូលទៅកាន់ទិន្នន័យម៉ាស៊ីន ATM ដោយការទាយលេខកូដសម្ងាត់របស់អ្នកគ្រប់គ្រង Administrator ប៉ុណ្ណោះ។
ដោយសារម៉ាស៊ីនអេធីអឹមមានការកំណត់លំនាំដើម (default setting) ទើបពួកគេទាយត្រូវ។ ក្រោយពីអាចភ្ជាប់ចូលម៉ាស៊ីន ATM ពួកគេមិនបានធ្វើអ្វីឡើយ តែបានប្រាប់ដល់បុគ្គលិកធនាគារអំពីបញ្ហាសុវត្ថិភាពនេះ។ Hacker ឈ្មោះ Hellett ក្នុងចំណោមពួកគេពីរនាក់បានប្រាប់ដល់សារព័ត៌មាន The Winnipeg Sun ថា ពួកគេមិនរំពឹងថាការ hack បានជោគជ័យនោះទេ។
“ពួកខ្ញុំចាត់ទុក នេះគ្រាន់តែជាការលេងសប្បាយប៉ុណ្ណោះ តែមិននឹកស្មានវាអាចធ្វើទៅរួច”។ ធនាគារគូសបញ្ជាក់ថា នេះជាបទពិសោធន៍ដែលត្រូវចងចាំ ដើម្បីរឹតបណ្ដឹងប្រព័ន្ធសុវត្ថិភាពឱ្យខ្ពស់ថែមទៀត។ ធនាគារ Bank of Montreal បានឱ្យដឹងថា ព័ត៌មានអតិថិជន មិនត្រូវបានលួចយកនោះទេ ហើយនឹងមានការពិនិត្យឡើងវិញទៅលើផ្នែកសន្តិសុខនៃម៉ាស៊ីន ATM។
Hacker ទាំងពីរនេះ ប្រហែលជាបានរកឃើញឯកសារពីអ៊ីនធឺណិតដែលមានការពន្យល់លំអិតអំពីរបៀបចូលទៅកាន់មុខងាររដ្ឋបាលម៉ាស៊ីន (Administrative function) របស់ ATM។ នៅក្នុងវេទិកាពិភាក្សាទាំងនោះ មានណែនាំពីរបៀបក្នុងការភ្ជាប់ចូល (access) ទៅកាន់ប្រភេទ និងម៉ូដែល ATM ផ្សេងៗ តែអាចត្រូវបានប្រើដោយឧក្រិដ្ឋជន ជាក់ស្ដែងក្មេង hacker ទាំងពីរនាក់ប៉ុណ្ណោះដើម្បីដឹងពីរបៀបបំបែកចូលក្នុងម៉ាស៊ីន៕







