ភ្នំពេញ៖ ក្នុងចំណោម ប្រជាជនកម្ពុជា ១៤លាននាក់ មាន១០ម៉ឺននាក់ ត្រូវបានគេរកឃើញថា កំពុងស្រឡាញ់ភេទ ដូចគ្នា បូករួមជាមួយជនជាតិ ដើមភាគតិចផងនោះ។
លោក ស្រ៊ុន ស្រ៊ន អ្នកផ្ដើមចលនាអ្នក ស្រឡាញ់ភេទដូចគ្នា និងជាប្រធានក្រុមអនាគត យុវជន កម្ពុជាអាស៊ាន បាន ឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០១៤ថា ផ្នែកទិន្នន័យ ពិភពលោកស្រាវជ្រាវ ដោយសកលវិទ្យាល័យ ក្នុងប្រទេសអង់គ្លេស រកឃើញថា មានអ្នកស្រឡាញ់ ភេទដូចគ្នា១០ភាគរយ។
លោកថា”បើយើងយកទិន្នន័យ ១០ ភាគរយ មកប្រៀបធៀបជាមួយប្រជាជនខ្មែរ ដែលចំនួន១៤លាននាក់ យើងឃើញថាមានចំនួន១០ម៉ឺននាក់ ទេនៃ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដែលគាត់ហ៊ានចេញមុខ”។
លោកបន្ថែមថា ក្នុងចំណោម១០ម៉ឺននាក់ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នានេះ បានរស់នៅជាមួយគ្នា ដូចប្ដី-ប្រពន្ធ។ ហើយក្នុងនោះក៏មានផងដែរ ជនជាតិដើមភាគតិច (ចារាយ គួយ គ្រឹង) កំពុងស្រឡាញ់ ភេទដូចគ្នា។
ការលើកឡើងរបស់ លោក ស្រ៊ុន ស្រ៊ន ដូចនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធ ជាផ្លូវការនៃរបាយការណ៍ របស់ គំនិតផ្ដួចផ្ដើម Being LGBT in Asia សម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤នេះ នាសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ។
លោក ស្រ៊ុន ស្រ៊ន បញ្ជាក់ថា ពិធីសម្ពោធនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី បង្ហាញពីលទ្ធផល សន្ទនានៃក្រុម អ្នកស្រឡាញ់ ភេទដូចគ្នា នៅក្នុងប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល និងអង្គការ ដែលពាក់ព័ន្ធ។ សិក្ខាសាលាខាង លើនេះ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា លើកពីកង្វល់និងបញ្ហា ប្រឈមរបស់ពួកគេ ដែលកំពុងតែជួបប្រទះ ក្នុង ប្រទេស កម្ពុជា។
បើតាមលោក ស្រ៊ុន ស្រ៊ន ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា កំពុងតែប្រឈមខ្លាំង នឹងការរើសអើងខ្លាំង ពីសង្គម។ លោកថា “ហើយក្នុងនោះកត្តាបី បានជំរុញឲ្យពួកគាត់ ស្រឡាញ់ភេទដូចគ្នាទី១ ការមិនស្គាល់ឯងជានរណា, ទី២ គំនាបគ្រួសារគឺ ឳពុក-ម្ដាយ ខ្មាស់គេនៅពេលមានកូន ស្រឡាញ់ភេទដូចគ្នា ធ្វើឲ្យចុះចេញពីផ្ទះទៅរស់នៅ ជាមួយ មនុស្សភេទដូចគ្នា, ទី៣ កិច្ចការសាធារណៈ ការងារ ក្នុងសង្គម មានការរើសអើង ទៅលើអ្នកស្រឡាញ់ ភេទដូចគ្នា ៕








