ប្រភព៖ CEN
ភ្នំពេញ: តារាល្បីបីដួងរបស់សិង្ហបុរី បានរ៉ាយរ៉ាប់ពីអារម្មណ៍ ដែលពួកគេទទួលបាន ពីការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រ នៅកម្ពុជា។ ពួកគេទាំងបីអ្នក រួមមាន Desmond Tan, Jeanneat Aw, Elving NG, បានបង្ហាញមុខ នៅក្នុងសន្និសីទសាព័ត៌មានមួយ នៅសណ្ឋាគារ សូហ្វីតែល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤។
អារម្មណ៍ទាំងនោះ គឺទាក់ទងទៅនឹងការធ្វើដំណើរមកកាន់កម្ពុជា ដើម្បីជួបជុំជាមួយអ្នកគាំទ្រ និងការផ្សព្វផ្សាយ សាច់រឿងថ្មី (ជីវិតក្នុងមាតុភូមថ្មី) របស់ពួកគេ ដែលរៀបចំឡើងដោយ ក្រុមហ៊ុនទូរទស្សន៍ PPCTV ។ តារាសម្តែងទាំងបីដួង ខាងលើ បានបញ្ចេញអារម្មណ៍ ខុសៗគ្នា ពីការមកដល់កម្ពុជា និងបទពិសោធន៍ផ្សេងៗគ្នា។
នាង Jeanneat Aw បាននិយាយថាៈ “ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ នៅពេលដែលមាន Fans កម្ពុជា មកទទួលស្វាគមន៍ ដល់ព្រលានយន្តហោះ និងមានស្ទីកឃើរ ឈ្មោះរបស់ខ្ញុំ ជាប់នៅនឹងដបទឹកសុទ្ធ”។
ខណៈកំពុងតែថ្លែង ពីចំណាប់អារម្មណ៍ ពេលនាងមកដល់កម្ពុជា តួអង្គស្រីនាង Jeanneat Aw កាន់តែរំភើបជាងនេះ ដោយសារតែនាង ទទួលបានកាដូពី Fans ធ្វើឲ្យទឹកមុខរបស់តារាស្រី ល្បីឈ្មោះរូបនេះ ប្រែក្រហម និងក្តុកក្តួល ព្រោះតែមានការស្វាគមន៍ ហួសពីការគិតរបស់នាង។
តារាសម្តែង Desmond Tan បានថ្លែងពីអារម្មណ៍រំភើប និងសប្បាយ ពេលដែលមកដល់កម្ពុជា លើកដំបូង តារាប្រុសរូបនេះ បានរំលេចពីភាព ចង់ចូលរួមសម្តែងរួមគ្នា ជាមួយតារាសម្តែង នៅកម្ពុជាផងដែរ។ ខណៈដែលតារាសម្តែង Elving NG ធ្លាប់បានសម្តែងជាមួយកម្ពុជា កន្លងមក ក្នុងរឿង (ដំរីមរកត) ជាមួយតួសម្តែងស្រី នាង ឌុច លីដា។
Desmond Tan បាននិយាយថាៈ “ខ្ញុំចង់ចេះនិយាយភាសាកម្ពុជា ព្រោះពេលដែលខ្ញុំស្តាប់ អ្នកទាំងអស់គ្នានិយាយ ហាក់បីដូចជាខ្ញុំ កំពុងស្តាប់អ្នកច្រៀង”។ គាត់ក៏បាននិយាយភាសាខ្មែរ ពីរបីម៉ាត់ បែបប៉ៃឡាំថាៈ “ជំរាបសួរ… សួស្តី… សុខសប្បាយទេ… ញុំាបាយហើយឬនៅ…”។
ចំណែក តារា Elving NG ក៏បានបង្ហាញពី ចំណាប់អារម្មណ៍ មិនខុសប្លែក ពីតារាសម្តែង Desmond Tan ផងដែរ។ អ្នកទាំងពីរ នៅតែអរគុណ ដល់អ្នកគាំទ្រកម្ពុជា ដែលបានស្វាគមន៍ យ៉ាងកក់ក្តៅ ទោះបីជាវត្តមានរបស់អ្នកទាំងពីរ បានមកកាន់កម្ពុជា ច្រើនលើកច្រើនសារក្តី៕V









