ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ ជិះម៉ូតូតាមផ្លូវ ត្រូវចោរឆក់កាបូបយកទៅបាត់ដោយសុវត្ថិភាព នៅម្តុំអង់តែនទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ បែរជាទៅចោទអ្នករត់រ៉ឺម៉កម៉ូតូថា ជាអ្នកឆក់កាបូបខ្លួនទៅវិញ ។
បើតាមការអះអាងរបស់ម្ចាស់កាបូបជានារីម្នាក់ ជិះម៉ូតូស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL 6277 ជិះគ្នា២នាក់ ធ្វើដំណើរមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ ជិះរ៉ឺម៉កម៉ូតូមួយគ្រឿង បានឆក់កាបូបយកទៅបាត់ ដែលនៅក្នុងកាបូប មានទូរស័ព្ទអាយហ្វូនមួយគ្រឿង និងលុយមួយចំនួន ។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូដេញតាមរ៉ឺម៉កម៉ូតូមួយគ្រឿង និងម៉ូតូហុងដាមួយគ្រឿង រហូតដល់មុខក្រសួងការងារ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ទើបឃាត់បាន ដោយនារីជាម្ចាស់កាបូបអះអាងថា រ៉ឺម៉កម៉ូតូជាអ្នកឆក់កាបូបរបស់នាង បោះទៅលើរ៉ឺម៉កម៉ូតូ ហើយទាមទារឲ្យអ្នកបើករ៉ឺម៉កម៉ូតូបើកកេសនៅលើរ៉ឺម៉កឆែកឆេរ ប៉ុន្តែកេសជាប់សោ មិនអាចបើកកើត ហើយនាងមិនព្រម ក៏មានបុរសម្នាក់ ដែលធ្វើដំណើរឆ្លងកាត់បានប្រទះ ឃើញសួរទៅនារីរងគ្រោះថា ច្បាស់ឬអត់ បើសិនជាច្បាស់ គាត់សុខចិត្តចេញលុយឲ្យ៥០ដុល្លារ ដើម្បីហៅជាងមកធ្វើសោ ។
លុះពេលធ្វើសោរួចហើយ ក៏នៅតែរកកាបូបមិនឃើញទៀត បានធ្វើការឆែកឆេរខ្លួនប្រាណ អ្នកបើករ៉ឺម៉កម៉ូតូហើយ នៅតែរកមិនឃើញដដែល ។បន្ទាប់មក នារីរងគ្រោះបានទូរស័ព្ទមិត្តភក្កិ បើករថយន្តស៊ីលីកាមួយគ្រឿង មកដល់ បានឡើងរថយន្តជិះចេញទៅបាត់ ក៏បែកគ្នារៀងខ្លួន ត្រឡប់ទៅផ្ទះអស់ ៕








