ប្រភព ដំណឹង
ភ្នំពេញ៖ កាលពីថ្មីៗនេះ បណ្ដាអ្នកប្រើប្រាស់នៅកម្ពុជា បានបញ្ចេញកំហឹងដោយរិះគន់សារព័ត៌មាន CNN យ៉ាងចាស់ដៃទៅលើកំហុសដែលបានផ្សាយថា ប្រាសាទអង្គរវត្តជារបស់ថៃ។
បន្ទាប់ពីមានប្រតិកម្មជាច្រើនពីមហាជនកម្ពុជា និងបរទេសមួយចំនួនទៅនឹងការចុះផ្សាយ Facebook Page របស់ ទូរទស្សន៍ CNN ថា ប្រាសាទអង្គរវត្តជារបស់ថៃមក នៅពេលនេះ CNN បានចេញមុខសុំទោសកម្ពុជា ជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៤។
អ្នកស្រី Ellana Lee អនុប្រធាន និងជានិពន្ធនាយកគ្រប់គ្រងប្រចាំអាស៊ី ប៉ាស៊ីហ្វិចរបស់ CNN បានធ្វើការសុំទោសចំពោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន តាមរយៈអ៊ីមេល ចំពោះកំហុសឆ្គង ដែលបានចុះផ្សាយខុស ថា ប្រាសាទអង្គវត្តរបស់ថៃ។
“យើងបានស៊ើបអង្កេតពីបញ្ហានោះហើយ។ វាកើតឡើងដោយសារកំហុសឆ្គង របស់អ្នកបញ្ជូល ហើយយើងបានកែសម្រួលវាភ្លាមៗផងដែរ អំឡុងពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ “។ នេះជាសំដីរបស់អ្នកស្រី Ellana Lee បានថ្លែងនៅក្នុងអ៊ីមេល។
អ្នកស្រីបានបន្តទៀតថា “តាងនាមឲ្យ CNN ខ្ញុំសូមអភ័យទោសនូវរាល់ការបំពាន និងភ័ន្តច្រឡំដែលកើត មានឡើង”។
គួរបញ្ជាក់ផងដែរថា Facebook Page របស់ CNN International បានចុះផ្សាយជាភាសាអង់គ្លេសថា ” Thailand’s Angkor Wat is only no. 6 – so what’s the world’s top landmark?” ដែលមានន័យជាភាសាខ្មែរថា“ប្រាសាទអង្គរវត្តរបស់ថៃ ជាប់លេខ៦” ប៉ុន្តែក្រោយមក៏បានកែមកជារបស់កម្ពុជាវិញ៕

CNN សុំទោសកម្ពុជារឿងផ្សាយថា ប្រាសាទអង្គរវត្តជារបស់ថៃ





