ប្រភព KhmerLoad
អេត្យូពី ៖ ក្រុមការងារ ថតភាពយន្ត អូស្ត្រាលីមួយក្រុម ខណៈពេល កំពុងថតភាពយន្តឯកសារ ក្នុងប្រទេសអេត្យូពី ក្នុងទ្វីបអាហ្វ្រិក បានប្រទះ ឃើញនារី ជនជាតិ ភាគតិចម្នាក់ មានដាក់បន្ទះមូល ក្នុងបបូរមាត់យ៉ាងធំសម្បើម។
លោក Abrahme Joffe ជាអ្នកដឹកនាំ ក្រុមការងារ ថតភាពយន្តឯកសារ សំរាប់ផលិតផលកាមេរ៉ា Canon របស់ប្រទេសអូស្ត្រាលី បានចូលក្នុងព្រៃ ជាមួយនឹង មគ្គុទេស៍ទេសចរណ៍ ក្នុងតំបន់ ដើម្បីថត ភាពយន្ត ឯកសារ ក៏ស្រាប់តែ បានប្រទះឃើញ នារីជនជាតិភាគតិច ម្នាក់ មានបន្ទះមូលក្នុងបបូរមាត់ដ៏ធំ ធ្វើឲ្យ ពួកគាត់ ស្រឡាំងកាំង គ្រប់គ្នា។ គាត់បាននិយាយថា បន្ទះមូល ក្នុងបបូរមាត់ស្ត្រី ដែលគាត់បាន ឃើញនោះ វែងហើយធំ ជាងម្ចាស់ឯតទគ្គកម្ម បន្ទះមូល ក្នុងបបូរមាត់ ក្នុងសៀវភៅកំណត់ត្រា ពិភពលោក ទៅទៀត។
ប្រភពព័ត៌មាន បានឲ្យដឹងថា នារីដែលគាត់ បានជួបនោះ មានឈ្មោះ Ataye Eligidagne វ័យ ២០ឆ្នាំ ជានារីកុលសម្ព័ន្ធ សួរម៉ា (Surma) ដែលជាកុលសម្ព័ន្ធ រស់នៅ ភាគខាងត្បូង ប្រទេសអេត្យូពី។
មូលហេតុនៃការ ដាក់បន្ទះមូលនេះ កឺដោយសារ កុលសម្ព័ន្ធនេះ យល់វា ផ្តល់ប្រយោជន៍ជាច្រើន។ ក្នុងនោះ បើតាមប្រភពព័ត៌មាន លើកឡើងថា ការដាក់បន្ទះមូល គឺមានគោលបំណង ធ្វើឲ្យទាក់ទាញដល់ប្តី ហើយនឹងជាចំនងដៃ ដែលប្រពន្ធ ផ្តល់សំរាប់គ្រួសារទៅតាម ទំហំនៃបន្ទះមូល។ ប៉ុន្តែវា ក៏ជាទម្រង់ នៃការបញ្ចេញ ឬ សម្តែងចេញផ្ទាល់ខ្លួន ផងដែរ ពោលគឺថា បន្ទះមូលកាន់តែធំ នារីទាំងនោះ ជាទីចាប់អារម្មណ៍ នៅក្នុងកុលសម្ព័ន្ធ កាន់តែខ្លាំង ផងដែរ៕
សម្រាប់ នាង Ataye Eligidagne វិញ បានដាក់បន្ទះមូលនេះ អស់រយៈពេល បីឆ្នាំមកហើយ ដែលបន្ទះមូល ក្នុងបបូរមាត់នាង មាន បន្ទាត់ផ្ចិត រហូតដល់ ១៩.៥សង់ទីម៉ែត្រ វែងជាងម្ចាស់ ឯតទគ្គកម្មក្នុងកំណត់ត្រាពិភពលោក ដែលមានបន្ទាត់ផ្ចិតត្រឹមតែ ១៥ សង់ទីម៉ែត្រ ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ការដាក់បន្ទះមូលនេះ ក៏ត្រូវបាន ហាមប្រាម មិនឲ្យដាក់បន្តទៀត ពីរដ្ឋាភិបាល អេត្យូពី ផងដែរ ហើយរបាយការណ៍ នៃក្មេង ស្រីជំនាន់ក្រោយ នៃការដាក់បន្ទះមូលបែបនេះ ក៏បានថយចុះជាបន្តបន្ទាប់៕













