បុរសពីរនាក់ត្រូវបានបាត់បង់ជីវិតភ្លាមៗដោយសារតែមានឡានមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនហើយបានបុកអ្នកទាំងពីរខ្ទាតទៅដល់ច្រកចូលខាងត្បូងនៃមហាវិទ្យាល័យWenzhou ។ កាម៉ារ៉ាដែលគេដាក់ ថតចោលនៅតាមផ្លូវនេះ បានចាប់យកសកម្មភាពនៃ គ្រោះថ្នាក់នេះទាំងស្រុង។
គ្រោះថ្នាក់នេះកើតឡើង ដោយសារតែមានឡានពណ៌ខ្មៅម៉ាក Honda មួយគ្រឿងបានបើកយ៉ាងលឿននៅលើផ្លូវនេះ ហើយបានបុកយ៉ាងខ្លាំងទៅលើ បុរសពីរនាក់ដែលកំពុងឆ្លងថ្នល់។ នៅខាងក្រោយជនរងគ្រោះ គឺនៅមានបុរស និងស្រ្ដីម្នាក់ទៀត ប៉ុន្ដែសំណាងល្អដែលបុរសនោះ បានទាញនារីម្នាក់នោះថយក្រោយភ្លាម។ ភ្លាមៗនោះ អ្នកដំណើរជាច្រើន បានរត់ទៅមើលភ្លាមៗ តែជនរងគ្រោះទាំងពីរត្រូវបានគេប្រកាសថា ស្លាប់ បន្ទាប់ពីឡានពេទ្យទៅដល់ទីកន្លែងគ្រោះថ្នាក់។
ចំណែកឯជនល្មើស មិនត្រូវបានប្រជាជននៅកន្លែងកើតហេតុ វាយឬធ្វើបាននោះទេ ទោះបីជា គាត់ត្រូវបានបុកគេស្លាប់ក៏ដោយ គឺគាត់បានត្រឹមតែប៉ូលីសចាប់ខ្លួនតែប៉ុណ្ណោះ។ ជនល្មើសមានអាយុ ២៣ឆ្នាំ និងមានឈ្មោះថា Liu មកពី Anhui ហើយត្រូវបានគេធ្វើពិសោធន៍ឈាមនិងបានឲ្យដឹងថា គាត់មានជាតិអាកុលលើសពី ៥២.១មីលីក្រាម ដែលមាននៅក្នុងឈាម ១០០មីលីលីត្រ។ តាមការស្រាវជ្រាវបាន ឲ្យដឹងថា ជនរងគ្រោះម្នាក់ក្នុងចំនោម ២នាក់នេះ គឺជានិស្សិតបញ្ចប់ការសិក្សានៅ មហាវិទ្យាល័យ Wenzhou និងម្នាក់ទៀតជាអ្នកធ្វើការនៅ ក្នុងបារនៅក្បែរសាកលវិទ្យាល័យនេះ។ ខ្មែរឡូត សង្ឃឹមថា អ្នកបើកបរទាំងអស់សូមកុំ ប្រើប្រាស់ ឬពិសារគ្រឿងស្រវឹងនៅពេល បើកបរ បើពិសារគ្រឿងស្រវឹងកុំបើកបរ៕







