ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាអ្នកមានស្តុកស្តម្ភ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ។
បុរសរូបនោះឈ្មោះសុខ រ៉ាថន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ស្នាក់នៅផ្ទះលេខ៦C ផ្លូវលេខ ៣៥៨ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ឯកពូ ដាវី មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវសន្តិសុខ.ព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោផាន់ ដារ៉ាវុធ អនុប្រធានកាលពីវេលាម៉ោងខាងលើ បានអនុវត្តដីការបស់តុលាការ ចុះទៅចាប់ខ្លួនជនជាប់សង្ស័យឈ្មោះ សុខ រ៉ាថន នៅភោជនីដ្ឋានស្ពូន ស្ថិតនៅក្រក្រោយក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ក្រោយពីចាប់ខ្លួន ជនសង្ស័យត្រូវបាននាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ភ្លាមដើម្បីប្រគល់ជួនទៅចៅក្រមស៊ើបសួរ ដែលបានចេញដីកាបង្គាប់ឲ្យនាំខ្លួននោះ។ ប្រភពព័ត៌មានបន្តថា ការឃាត់ខ្លួនជនសង្ស័យសុខ រ៉ាថន បានជាប់ពាក់ព័ន្ធ នឹងបទល្មើសឆបោក ដែលជននេះបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពី ថ្ងៃទី២ តុលា ឆ្នាំ ២០១៣ តាមបញ្ញត្តិមាត្រា៣៧៧.៣៧៨ នៃក្រមព្រហ្មទណ្ឌ។ អំពើប្រព្រឹត្តរបស់ជនសង្ស័យបានប្រើឧបាយកលទុច្ចរិត និងធ្វើឲ្យខូចប្រយោជន៍ទៅលើដើមបណ្ដឹងរដ្ឋប្បវេណីយ៉ាងធ្ងន់ធ្ងរ ដើម្បីធានាដល់ការស៊ើបអង្កេតឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនជនត្រូវចោទជួនចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត៕








